យើងនឹងលើកយកការសាងគោលបំណងនិងការសាងចិត្តរឹងប៉ឹង
ដែលមានបកស្រាយលំអិតក្នុងសៀវភៅសាងខ្លួនឯង មកបរិយាយយ៉ាងសង្ខេបដូចតទៅនេះ
គោលបំណង
ដំណើរជីវិតរបស់មនុស្សយើងប្រៀបដូចជាការដើរផ្លូវដ៏វែងឆ្ងាយ
មួយ យើងត្រូវរើសផ្លូវណាមួយសម្រាប់ដើរ បើយើងដើរចេញទៅតាមយថាកម្ម
ក៏មិនដឹងថាទៅដល់ទីណាឡើយ។
មនុស្សយើងកាលណាតែធំឡើងជីវិតក៏កន្លងផុតទៅយ៉ាងឆាប់រហ័ស។ យើងឃើញថា
តាំងពីដឹងក្តីរហូតដល់អាយុ២០ឆ្នាំ ពេលវេលាកន្លងទៅយឺតៗ
ប្រាកដហាក់ដូចជាជីវិតរបស់មនុស្សវែងយឺនយូរគ្មានទីបញ្ចប់។
តែរំលងពី២០ឆ្នាំ ឡើងទៅ ហាក់ដូចជាលឿនឡើងរាល់ថ្ងៃ។
មនុស្សដែលចាស់ហើយតែងសោកស្តាយចំពោះយុវភាព ដែលមិនអាចត្រឡប់មកវិញបាន
ដោយតូចចិត្តក្នុងការដើរផ្លូវខុស
ឬក៏គិតថាប្រសិនបើជាចាប់យកគោលការណ៍អ្វីមួយជាមាំទាំ
ហើយប្រាកដជានឹងទទួលបានការលូតលាស់ជាងនេះពុំខាន។
លោកអ្នកប្រាជ្ញទាំងឡាយពិសោធន៍
ឃើញថាជីវិតរបស់មនុស្សកន្លងផុតទៅដោយទទេអស់១/៣ ដោយការចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា។
កាលបើយើងយល់ជាក់ច្បាស់យ៉ាងនេះហើយ
ចាំបាច់ត្រូវតែសម្រេចចិត្តឲច្បាស់លាស់ពិតប្រាកដ
ជ្រើសរើសណាមួយតែមួយគត់ឲមាំ។ តើយើងចង់ក្លាយជាអ្វីក្នុងឆាកជីវិត
ជាមេទ័ពដ៏ល្បីឈ្មោះជាទីបំផុត ឬជាអ្នកប្រាជ្ញដែលគេគោរពរាប់អានទាំងនគរ
ឬជាមេធាវីដ៏ល្បីល្បាញមានប្រាក់ចំណូលរាប់ម៉ឺនក្នុងមួយថ្ងៃ
ឬជាអ្នកជំនួញដែលមានអំណាចបណ្តាលឲថ្លៃប្រាក់ក្នុងប្រទេសឡើងចុះ
តាមចិត្ត។ល។ កាលបើបានជ្រើសរើសយកផ្លូវណាមួយហើយ
ត្រូវមានសេចក្តីត្រូវការខ្លាំងក្លា ក្នុងផ្លូវនោះ
បំណងនឹងឲបណ្តុះផលនោះតែម្យ៉ាង។
លោកអ្នកប្រាជ្ញប្រដៅទុកមួយបែបទៀតថា
ឲធ្វើគ្រឿងសំគាល់ណាមួយទុកកន្លែងដែលយើងអាចមើលឃើញរាល់ថ្ងៃ
ដូចជាកត់ទុកលើក្រដាសឬកូនសៀវភៅផ្ទាល់ខ្លួន ធ្វើត្រាវាយលើសៀវភៅ
ឬធ្វើយ៉ាងណាក៏ដោយឲតែជាហេតុ ឲយើងនឹងឃើញនូវគោលបំណងរបស់យើង
តែកុំប្រាប់អ្នកណាឲដឹង!
"គោលបំណង"
ប្រៀបដូចជាការបាញ់ព្រួញឲត្រូវផ្ទាំងស៊ីបដែរ
គឺត្រូវប្រកាន់គោលការណ៍ពីរយ៉ាងៈ (១) តាំងចិត្តឲបាញ់ចំកណ្តាល (២)
តម្រង់ចុងព្រួញឡើងលើបន្តិច ព្រោះក្នុងរយៈឆ្ងាយព្រួញអាចរត់ចុះទាប។
យ៉ាងណាមិញ គោលបំណងរបស់មនុស្សយើងក៏ដូចគ្នាដែរ (១)
ត្រូវប៉ងតែលើគោលដៅដែលយើងត្រូវការនោះតែម្យ៉ាង និង (២)
ត្រូវប៉ងឲខ្ពស់បន្តិចព្រោះសេចក្តីព្យាយាមរបស់មនុស្សយើង
យូរទៅអាចថយចុះខ្លះ។
គោលបំណងដែលអាចសម្រេចទៅបានត្រូវគោរពទៅតាមលក្ខណ្ឌ២យ៉ាង
(១) ជារបស់ដែលអាចទៅបាន(ប្រសិនបើអ្នកចង់បានផ្កាយមួយមកតាំងលំអផ្ទះ
គោលបំណងនេះមិនបានសម្រេចឡើយ) និង (២)
ត្រូវអាស្រ័យលើខ្លួនឯង(អ្នកសុំទានម្នាក់ ចង់ក្លាយជាសេដ្ឋី
ដោយប្រកបរបរសុំទានគេ គោលបំណងនេះមិនសម្រេចទេ
ព្រោះត្រូវពឹងផ្អែកលើអ្នកដទៃទាំងស្រុង។
No comments:
Post a Comment